jump to navigation

រំដួលដងស្ទឹងសង្កែ ខែមិថុនា 16, 2012

Posted by កំណាព្យស្នេហ៍មាស in ចម្រៀងទោល, ស៊ីន ស៊ីសាមុត, ស្នាដៃលោក គង្គ ប៊ុនឈឿន, ស្នាដៃលោក ហាស សាឡន.
Tags: , ,
trackback

បទភ្លេង និងទំនុកច្រៀងដោយ៖ លោក គង្គ ប៊ុនឈឿន

សម្រួលតន្ត្រីដោយ៖ លោក ហាស់ សាឡន

ច្រៀងដោយ៖ អ្នកចម្រៀងឯក ស៊ីន ស៊ីសាមុត

ផលិតកម្ម៖ ពស់មាស ១៩៧៤

ប្រវត្តិបទចម្រៀង៖ បទនេះ ត្រូវបានលោក គង្គ ប៊ុនឈឿន រំឮកឡើងវិញថា « អ្នកដែលធ្លាប់ស្គាល់ខ្ញុំភាគច្រើន គេតែងតែនិយាយថា ខ្ញុំចូលចិត្តតែងបទចំរៀង ដែលពណ៌នាទេសភាពនាស្ទឹងសង្កែ និងរឿងរ៉ាវជីវិតនៅខេត្តបាត់ដំបង ។ មែន ការនិយាយបែបនេះឥតខុសទេ ព្រោះខ្ញុំមានដើមកំណើតនៅខេត្តបាត់ដំបង ខ្ញុំចេះតែមានមនោសញ្ចេតនានឹករលឹកទៅដល់ទឹកដីកំណើតជានិច្ច (nostalgie) ទោះបីជាខ្ញុំឃ្លាតមកយូរឆ្នាំហើយក៏ដោយ ។
ដូច្នេះ ការដែលខ្ញុំនិយាយពីរឿងស្នេហានៅខេត្តបាត់ដំបង គឺផ្នែកមួយគឺជាការរឮកនូវអនុស្សាវរីយ៍ នៃជីវិតស្នេហាបឋមវ័យរបស់ខ្ញុំ និងមួយផ្នែកទៀត គឺរំលឹកដល់ទឹកដីកំណើតតែប៉ុណ្ណោះ ។
ទន្ទឹមនោះ ខ្ញុំតែងតែគិតថា បើខ្ញុំស្គាល់ខេត្តនេះច្បាស់ជាងគេ និងមានអនុស្សាវរីយ៍ច្រើនជាងគេ តើឱ្យខ្ញុំសរសេរពីខេត្តឬប្រទេសណា ដែលខ្ញុំមិនសូវនឹងមិនដែលស្គាល់ ? ។
បទ «រំដួលដងស្ទឹងសង្កែ» នេះ គឺជាសក្ខីភាពនៃការរំឮកឡើងវិញកាលខ្ញុំនៅពីក្មេង។ ពីឆ្នាំ ១៩៤៥ មក ទល់ ១៩៥៣ ខ្ញុំរស់នៅលើទូកក្នុងដងស្ទឹងសង្កែស្ថិតនៅទល់មុខរោងភាពយន្តអេដែន (បច្ចុប្បន្នរោងភាពយន្តនេះគ្មានទេ) ។
ពេលដែលខ្ញុំជិះទូកដងស្ទឹង ឬដើរលើស្ពានទៅរៀននៅវត្តពោធិវាល ខ្ញុំតែងតែចាប់អារម្មណ៍នឹងទេសភាពក្នុងស្ទឹងសង្កែ ពេលរដូវទឹកជំនន់ ក៏ដូចជាពេលទឹកសំរក។ កាលណោះ ខ្ញុំតែងយល់ថា ពិភពលោកដ៏ស្រស់ប្រណិត ប្រហែលមានតែក្នុងបាតស្ទឹងសង្កែប៉ុណ្ណោះទេ ។ មើលចុះ ស្នាមទឹកហូររិញ ៗ កាត់វាល់ខ្សាច់ដ៏ស្រស់ប្រផូរ ខ្ញុំបាននាំមិត្តភ័ក្ដិយកក្រមារអូសត្រី និងនាំគ្នាយកក្អមដាក់កប់ក្នុងខ្សាច់ ហើយចោះប្រហោង ដើម្បីច្រោះយកទឹកស្អាតត្រជាក់ ។ មិនតែប៉ុណ្ណោះ ខ្ញុំឧស្សាហ៍ចាប់យកត្រីក្រឹម មកប្រជល់គ្នាលេងនៅទីនោះ ។
ខ្ញុំមិនអាចភ្លេចបានទេ នូវសម្រស់យុវនារីម្នាក់ ដែលបានចុះមុជទឹកនិងដើររើសគ្រុំ នៅបាតស្ទឹងនាពេលថ្ងៃលិច ។ ឥឡូវនេះ ទោះបីផ្សែងជីវិតបានបក់ផាត់រំលាយអតីតកាល ទាំងនោះទៅហើយក្ដី ក៏អំណាចនៃក្ដីរលឹកបានធ្វើឲ្យទឹកខ្មៅខ្ញុំ ស្រក់ហូរស្រែកហៅភ័ក្រ្ដាដ៏ស្រស់ប្រិមប្រិយ៍នោះ ឱ្យមានជីវិតរស់ឡើងវិញ ។»

សូមបញ្ជាក់ថា បទនេះតែងនៅឆ្នាំ ១៩៧៤ ថតឲ្យផលិតកម្មពស់មាស ។ ពេលចាក់ផ្សាយជាលើកដំបូង លោក ញឹក ឌិម ដែលជាវិចិត្រករឯកខ្មែរជំនាន់នោះ មានប្រតិកម្មជាខ្លាំង រករឿងខឹងសម្បារនឹងលោក ស៊ីន ស៊ីសាមុត ដោយថាថាលោក ស៊ីន ស៊ីសាមុត ច្រៀងដៀមដាមឱ្យលោកត្រង់ឃ្លាថា “វិចិត្រករអើយកុំបាច់គូរអី នៅក្នុងលោកីយ៍ស្រីល្អគ្មានទេ ! “ ។ ក្រោយមកទើបលោក ញឹក ឌិម អន់ខឹងវិញ ព្រោះដឹងថាបទនេះជាបទរបស់ខ្ញុំ ដេលខ្ញុំគ្មានបំណងរិះគន់ឲ្យលោកទេ ក្រៅពីសរសេរដើម្បីរំលឹកដល់អនុស្សាវរីយ៍ពីអតីតកាលរបស់ខ្ញុំតែប៉ុណ្ណោះ ហើយនោះគឺ រំដួលដងស្ទឹងសង្កែ នៅក្នុងក្ដីស្រមៃរបស់ខ្ញុំ ។

ទំនុកច្រៀង

១-មហាសង្ក្រានច្រានឆ្នាំមួយទៅ ទ្រូងសែនហ្មងសៅ នឹកព្រួយក្រែងពៅឆាប់ភ្លេងរឿងដើម 
រឿងបាត់ដំបង ចងក្រងដង្ហើម កាលជួបស្រីឆ្នើម រដូវសន្សើម ផ្ការីកស្គុះស្គាយ។

២-អូនដើររើសគ្រំ ក្នុងស្ទឹងសង្កែ ភ័ក្រដូចដួងខែ ផ្ពាល់ខួចមានស្នេហ៍ នេត្រាពណ្ណរាយ 
ហត្ថាខ្ចីល្ហក់ សក់ខ្មៅរំសាយ បងគន់មិនណាយ ក្លិនខ្លួនឆោមឆាយ រាយសំណាញ់ស្នេហ៍។

R- វិចត្រករអើយ កុំបាច់គូរអី នៅក្នុងលោកកីយ៍ ស្រីល្អគ្មានទេ
មានតែរំដួលដងស្ទឹងសង្កែ ដែលខ្ញុំលួចស្នេហ៍ ទោះរយខួបខែ ក៏នៅចាំចង។

៤-ឥលូវរដូងផ្ការីកវិលវិញ ទ្រូងសែនទោម្នេញ ព្យុះកម្មបក់ដេញ បាត់ផ្កាមួយទង
ត្រីក្រឹមអូនស្លាប់នៅក្នុងដបបង លិខិតនួនល្អង បងទុកទ្រាប់ខ្នង ដេកស្លាប់ក្នុងផ្នូរ។

មតិ»

1. Sungkham - ខែ​មេសា 18, 2016

This is so beautiful. It’s the end of an era with the passing away of the great lyricist, poet Kong Bunchhoeun. So touching.


បញ្ចេញមតិ